ក្រសួងការពារជាតិកម្ពុជាបានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែកញ្ញាថា ការបង្កើតក្រុមការងាររវាងកម្ពុជា-ថៃ ដើម្បីពិភាក្សាគ្នាក្នុងការកែសម្រួលអាវុធធន់ធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ ឱ្យត្រឡប់ទៅមូលដ្ឋានដើមវិញ គឺធ្វើឡើងតាមការកំណត់របស់កិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា នៅក្នុងខេត្តកោះកុង។
ក្រសួងការពារជាតិកម្ពុជាបានបន្តថា ក្រោយកិច្ចប្រជុំ GBC ៣សប្ដាហ៍ ក្រុមការងារនេះ ត្រូវចាប់ផ្ដើមពិភាក្សាគ្នាដើម្បីរៀបចំផែនការសកម្មភាព ពាក់ព័ន្ធនឹងការកែសម្រួលអាវុធធន់ធ្ងន់ចេញពីព្រំដែន ទៅតាមស្ថានភាពជាក់ស្ដែង និងជាជំហានៗ ហើយត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីបង្ហាញតម្លាភាព និងការជឿទុកចិត្តគ្នា។
ការចេញសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជានេះបានធ្វើឡើង ស្របពេលនាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក អនុធីន ឆានវីរៈគូល (Anutin Charnvirakul) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលថៃនឹងមិនបើកការចរចាផ្លូវការណាមួយ ជាមួយរដ្ឋាភិបាលកម្ពុជាឡើយ ហើយថៃនឹងបន្តបិទច្រកព្រំដែន ដរាបណាកម្ពុជាមិនដកអាវុធធន់ធ្ងន់ចេញពីព្រំដែន និងឈប់គំរាមកំហែងដល់ប្រទេសថៃ។
ការលើកឡើងពីនាយករដ្ឋមន្ត្រីថ្មីរបស់ថៃនេះ បានធ្វើឡើងក្រោយពីប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងតាមហ្វេសប៊ុកកាលពីថ្ងៃទី២៤ ខែកញ្ញាថា កម្ពុជានៅតែរក្សាជំហរដដែល គឺមិនថោកសុំទៅភាគីថៃបើកច្រកព្រំដែននោះទេ ហើយលោកថា ទោះបីជាប្រទេសថៃបិទច្រកព្រំដែន១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់នោះដែរ។ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា ច្រកព្រំដែន គឺថៃជាអ្នកបិទ ហើយមិនបាច់មកចរចាជាមួយកម្ពុជាដើម្បីបើកនោះទេ ប៉ុន្តែប្រសិនបើថៃបើកច្រកព្រំដែនឡើងវិញ នោះកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរត្រឹម៥ម៉ោង។
ជុំវិញបញ្ហានេះ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានមើលឃើញថា បើទោះបីជាប្រទេសថៃមាននាយករដ្ឋមន្ត្រីថ្មីក៏ដោយ ក៏មិនអាចជួយឱ្យជម្លោះព្រំដែនកម្ពុជា-ថៃបានធូរស្រាលនោះដែរ ពីព្រោះនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ជាមនុស្សជិតស្និទ្ធនឹងក្រុមយោធានិងស្ដេចថៃ ដែលមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា។
ខ្ញុំយល់ថា រដ្ឋាភិបាលថ្មីហ្នឹង គឺមិនអាចគ្រប់គ្រងទៅលើយោធារបស់ថៃបាន ដូច្នេះការឈ្លានពានមកលើទឹកដីកម្ពុជា គឺនៅតែមានបន្ត អាចមានភាពតានតឹង ហើយអាចមានការផ្ទុះអាវុធជាថ្មីផងដែរ។
— លោក អ៊ុំ សំអាន
អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វីនថៃ សុវារី (Winthai Suwaree) បានលើកឡើងថា កងទ័ពថៃបានត្រៀមខ្លួនរួចរាល់ដើម្បីប្រយុទ្ធការពារខ្លួន ខណៈលោកបានចោទប្រកាន់ថា កងទ័ពកម្ពុជាបានបាញ់អាវុធធន់តូចចូលទឹកដីថៃ និងគប់គ្រាប់បែកទៅកន្លែងរាយបន្លាលួសរបស់កងទ័ពថៃ។
ផ្ទុយពីការចោទប្រកាន់នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា បានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោលការចោទប្រកាន់នេះ និងបញ្ជាក់ថា ទាហានថៃជាអ្នករំលោភបទឈប់បាញ់ ដោយបានបំផ្ទុះអាវុធចំនួន៤គ្រាប់ ចាប់ពីម៉ោង២ជាងព្រឹក រហូតដល់ម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកញ្ញា ប៉ុន្តែបែរជាចោទកងទ័ពកម្ពុជា ថាជាអ្នកបំផ្ទុះអាវុធបង្កហេតុទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។